នៅលើលោកយើងនេះគ្មានអ្វីល្អឥតខ្ចោះនោះទេ វាតែងតែមានគុណសម្បត្តិនិងគុណវិបត្តិរបស់វាជានិច្ច។ ដូចគ្នានេះដែរ ចំពោះការកែសម្រួលឯកសារវាតែងតែមានចំណុចល្អនិងចំណុចមិនល្អរបស់វា។ តាមគំនិតផ្ទាល់ខ្លួនរបស់យើងខ្ញុំ យើងខ្ញុំយល់ថាការកែសម្រួលឯកសារមានផលប្រយោជន៍ខ្លាំងណាស់សំរាប់មិត្តអ្នកអានបច្ចុប្បន្ន។
ជាដំបូង ការកែសម្រួលឯកសារអាចជួយឲ្យមិត្តអ្នកអានងាយយល់នូវអ្វីដែលជាគំនិតរបស់អ្នកនិពន្ធ។ ពិសេសជាងនេះទៅទៀត វាក៏ផ្តល់ផលប្រយោជន៍ផងដែរចំពោះមិត្តអ្នកអានដែលមានកំរិតនៃការយល់ដឹងទាប គឺវាអាចជួយឲ្យពួកគេងាយយល់និងចាប់អារម្មណ៍ក្នុងការអាន។ ជាងនេះទៅទៀត វាអាចជាជំនួយដល់សិស្សានុសិស្សក្នុងពេលប្រលង ពីព្រោះគេមានឯកសារកែសម្រួល ដែលអាចធ្វើឲ្យគេងាយនឹងចងចាំ។
ម្យ៉ាងវិញទៀត ការកែសម្រួលឯកសារគឺធ្វើឡើងដើម្បីសម្របទៅតាមសម័យកាល និងចំណង់ចំណូលចិត្តរបស់មិត្តអ្នកអាន។ តួយ៉ាង អក្សរសិល្ប៍នៅសម័យឧត្ដុង្គ គឺត្រូវបានតាក់តែងឡើងជាពាក្យកាព្យ ក្នុងគោលបំណងដើម្បីបំពេញនូវចំណង់ចំណូលចិត្តរបស់មិត្តអ្នកអានសម័យនោះ ម្យ៉ាងវិញទៀតអ្នកនិពន្ធចង់បង្ហាញពីភាពវ័យឆ្លាតរបស់ខ្លួន។ ផ្ទុយមកវិញ ដើម្បីបំពេញនូវចំណង់ចំណូលចិត្តរបស់មិត្តអ្នកអាននៅសម័យនេះ អក្សរសិល្ប៍មួយចំនួនត្រូវបានកែសម្រួលមកជាពាក្យរាយវិញ។
ទោះបើការកែសម្រួលឯកសារមានចំណុចវិជ្ជមានជាច្រើនក៏ដោយ ក៏វានៅតែមានចំណុចអវិជ្ជាមានមួយចំនួនដែរ។ ការកែសម្រួលធ្វើឲ្យបាត់បង់នូវសមត្ថភាពប៉ិនប្រសប់របស់អ្នកនិពន្ធ។ ម្យ៉ាងវិញទៀត ការកែសម្រួលអត្ថបទធ្វើឲ្យមិត្តអ្នកអានមានការច្របូកច្របល់មិនដឹងថាមួយណាគឺជាស្នាដៃរបស់អ្នកនិពន្ធពិតប្រាកដ។ បន្ថែមពីនេះទៀត វាអាចធ្វើឲ្យប្រជាប្រិយភាពរបស់
អ្នកនិពន្ធធ្លាក់ចុះ។
សរុបសេចក្តីមកបន្ទាប់ពីបានពិភាក្សាវែកញែកអំពីគុណសម្បត្តិនិងគុណវិបត្តិនៃការសម្រួលឯកសារយើងឃើញថា ការកែសម្រួលឯកសារពិតជាមានសារៈសំខាន់ណាស់ ទោះបើវាមានគុណវិបត្តិខ្លះក៏ដោយ។
សរសេដោយ : ចន្ធា និង ឡងឌី
